លោកលោកស្រីអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រី,
នេះជាពិធីបុណ្យចូលឆ្នាំខ្មែរលើកទីពីរហើយ ដែលប្រជាពលរដ្ឋខ្មែរមិនអាចជួបជុំគ្នាប្រារព្ធពិធីជាប្រពៃណីនេះជាឧឡារិកបាន ដូចដែលយើងធ្លាប់ធ្វើកន្លងមក។
ប្រការដែលធ្វើអោយយើងទាំងអស់គ្នានៅឯនាយសមុទ្រ ចូលរួមស្រពាប់ស្រពោនជាមួយនឹងលោកលោកអ្នកនាងកញ្ញាទាំងអស់នោះ គឺក្នុងខណៈដែលតំបន់ខ្លះនៅលើពិភពលោក ចាប់ផ្តើមបានធូរស្រាលឡើង ប្រទេសរបស់យើងចាប់ផ្តើមមានការរាតត្បាតខ្លាំងទៅវិញ។
ទោះជាជំងឺឆ្លងជាសាកលនេះ ប៉ះពាល់ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ គ្រប់ជាតិសាសន៍នៅលើពិភពលោកនេះក៏ដោយ ពលរដ្ឋខ្មែរហាក់ស្ថិតក្នុងចំណោមប្រជាជាតិដែលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីត១៩ខ្លាំងជាងគេ។
តាំងពីការឆ្លងរាលដាលដំបូងរហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរហែលឆ្លងទុក្ខលំបាករាប់មិនអស់ រាប់តាំងពីការចាប់ចងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ការបាត់បង់ការងារដែលធ្វើអោយចុះដុនដាបផ្នែកជីវភាព ការគំរាមកំហែងទារប្រាក់សំណង ឬរឹបអូសទ្រព្យសម្បត្តិពីម្ចាស់បំណុលជាដើម។
ថ្វីដ្បិតតែយើងខ្ញុំជាអ្នកកាសែត ទទួលបានព័ត៌មានច្រើនទាក់ទងនឹងស្ថានភាពពលរដ្ឋខ្មែរមែន យើងមិនហ៊ានអាចចាត់ទុកខ្លួនឯងថាអាចទទួលអារម្មណ៍ដឹងពីទុក្ខសោកគ្រប់យ៉ាងរបស់លោកអ្នកនាងកញ្ញា ដូចដែលលោកលោកស្រី កំពុងឆ្លងកាត់ផ្ទាល់នាពេលនេះឡើយ។ យើងខ្ញុំបានត្រឹមតែនឹកស្រមៃ និងចូលរួមសោកសង្រេងជាមួយលោកលោកស្រីពីចម្ងាយតែប៉ុណ្ណោះ។
ខ្ញុំបាទក៏ឆ្លៀតឱកាសនេះជំរាបជូនលោក លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់ថា ស្ថានភាពជម្ងឺនិងការព្យាបាលរបស់ខ្ញុំនៅតែទប់ទល់បាននៅឡើយ តែនៅបន្តរយៈវែងតទៅទៀត។ ដូចខ្ញុំធ្លាប់បានជំរាបហើយ ខ្ញុំមិនលាក់បាំងទេ ក្នុងការប្រយុទ្ធតតាំងនឹងជម្ងឺកាចសាហាវ ខ្ញុំអនុញ្ញាតអោយខ្លួនឯងកំសត់ស្រក់ទឹកភ្នែកម្តងម្កាលដែរ តែខ្ញុំមិនដែលអនុញ្ញាតអោយខ្លួនឯងបាក់ទឹកចិត្ត បាត់បង់សេចក្តីសង្ឃឹមម្តងណាឡើយ។ ខ្ញុំនៅតែបន្តធ្វើការជារៀងរាល់ថ្ងៃ ទោះជាពេលខ្លះមិនបានចេញមុខចេញសម្លេង ក៏ខ្ញុំជួយសរសេរអត្ថបទឬជួយចាត់ចែងពីក្រោយឆាកដែរ។ ថ្ងៃដែលខ្ញុំមានកម្លាំងកំហែងគ្រាន់បើ ខ្ញុំតែងឆ្លៀតឡើងផ្សាយជាជានិច្ច។

យើងនឹងរួមដំណើរជាមួយគ្នាតទៅទៀតក្នុងឆ្នាំថ្មីនេះ និងឆ្នាំខាងមុខៗទៀត។ តាងនាមអោយសហការីរបស់ខ្ញុំបាទទាំងអស់ នៅអាស៊ីសេរី ខ្ញុំបាទសូមលើកដៃបួងសួងដល់ទេវតាឆ្នាំ អោយប្រទានពរជ័យជូនលោកលោកស្រីអ្នកនាងកញ្ញា និងក្រុមគ្រួសារ អោយឆាប់ចាកផុតពីគ្រោះភ័យទាំងឡាយ ដែលកំពុងរាតត្បាតដល់ប្រជាជាតិខ្មែរនេះ ដើម្បីអោយគ្រួសារខ្មែរទាំងអស់បានវិលត្រឡប់ទៅកាន់ភាពធម្មតាឡើងវិញ និងអោយទទួលបាននូវសុខភាពល្អ សុវត្ថិភាព និងភាពចំរើនរុងរឿងជារៀងដរាបតទៅ។
សូមអរគុណ លោក ច័ន្ទបុត្រ
សូមឆ្នាំថ្មីនេះនាំមកនូវ ឯកភាពជាតិ សាមគ្គីភាព ការអាណឹតអាសូរ ការសន្ដោះប្រណិរវាងខ្មែរនិងខ្មែរ សេចក្ដីសុខ សន្ដិភាព សុខភាពបរិបូណ៌ ភាពសំបូរសប្បាយ ដល់លោកព្រមទាំងក្រុមគ្រួសារ ដល់ជនរួមជាតិខ្មែរយើងគ្រប់ៗរូប និងដល់មនុស្សលោកទាំងអស់ តរៀងទៅ
ចូលចិត្តចូលចិត្ត