ជូនពរឆ្នាំថ្មី

លោក​លោក​ស្រី​អ្នកនាង​កញ្ញា​ទាំង​អស់​ជា​ទី​មេត្រី,

នេះ​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​លើក​ទី​ពីរ​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​ជា​ប្រពៃណី​នេះ​ជា​ឧឡារិក​បាន ដូច​ដែល​យើង​ធ្លាប់​ធ្វើ​កន្លង​មក។

ប្រការ​ដែល​ធ្វើ​អោយ​យើង​ទាំង​អស់​គ្នា​នៅ​ឯ​នាយ​សមុទ្រ ចូល​រួម​ស្រពាប់​ស្រពោន​ជា​មួយ​នឹង​លោក​លោក​អ្នក​នាង​កញ្ញា​ទាំង​អស់​នោះ គឺ​ក្នុង​ខណៈ​ដែល​តំបន់​ខ្លះ​នៅ​លើ​ពិភព​លោក ចាប់​ផ្តើម​បាន​ធូរ​ស្រាល​ឡើង​ ប្រទេស​របស់​យើង​ចាប់​ផ្តើម​មាន​ការ​រាតត្បាត​ខ្លាំង​ទៅ​វិញ។

ទោះ​ជា​ជំងឺ​ឆ្លង​ជា​សាកល​នេះ ប៉ះពាល់​ដល់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ជាតិ​សាសន៍​នៅ​លើ​ពិភព​លោក​នេះ​ក៏​ដោយ ពលរដ្ឋ​ខ្មែរ​ហាក់​ស្ថិត​ក្នុង​ចំណោម​ប្រជាជាតិ​ដែល​ប៉ះ​ពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីត​១៩​ខ្លាំង​ជាង​គេ​។

តាំង​ពី​ការ​ឆ្លង​រាល​ដាល​ដំបូង​រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ខ្មែរ​ហែល​ឆ្លង​ទុក្ខ​លំបាក​រាប់​មិន​អស់ រាប់​តាំង​ពី​ការ​ចាប់​ចង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ ការ​បាត់​បង់​ការងារ​ដែល​ធ្វើ​អោយ​ចុះ​ដុន​ដាប​ផ្នែក​ជីវភាព ការ​គំរាម​កំហែង​ទារ​ប្រាក់​សំណង ឬ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពី​ម្ចាស់​បំណុល​ជាដើម។​

ថ្វី​ដ្បិត​តែ​យើង​ខ្ញុំ​ជា​អ្នក​កាសែត ទទួល​បាន​ព័ត៌មាន​ច្រើន​ទាក់​ទង​នឹង​ស្ថាន​ភាព​ពលរដ្ឋ​ខ្មែរ​មែន យើង​មិន​ហ៊ាន​អាច​ចាត់​ទុក​ខ្លួន​ឯង​ថា​អាច​ទទួល​អារម្មណ៍​ដឹង​ពី​ទុក្ខ​សោក​គ្រប់​យ៉ាង​របស់​លោក​អ្នក​នាង​កញ្ញា ដូច​ដែល​លោក​លោក​ស្រី​ កំពុង​ឆ្លង​កាត់​ផ្ទាល់​នា​ពេល​នេះ​ឡើយ។ យើង​ខ្ញុំ​បាន​ត្រឹម​តែ​​នឹក​ស្រមៃ និង​ចូល​រួម​សោក​សង្រេង​ជា​មួយ​លោក​លោក​ស្រី​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ។

ខ្ញុំ​បាទ​ក៏​ឆ្លៀត​ឱកាស​នេះ​ជំរាប​ជូន​លោក លោក​ស្រី​អ្នក​នាង​កញ្ញា​និង​ប្រិយមិត្ត​ទាំង​អស់​ថា ស្ថាន​​ភាព​ជម្ងឺ​និង​ការ​ព្យាបាល​របស់​ខ្ញុំ​នៅ​តែ​ទប់​ទល់​បាន​នៅឡើយ តែ​នៅ​បន្ត​រយៈ​វែង​ត​ទៅ​ទៀត។ ដូច​ខ្ញុំ​ធ្លាប់​បាន​ជំរាប​ហើយ ខ្ញុំ​មិន​លាក់​បាំង​ទេ ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹង​ជម្ងឺ​កាច​សាហាវ ខ្ញុំ​អនុញ្ញាត​អោយ​ខ្លួន​ឯង​កំសត់​ស្រក់​ទឹក​ភ្នែក​ម្តង​ម្កាល​ដែរ តែ​ខ្ញុំ​មិន​ដែល​អនុញ្ញាត​អោយ​ខ្លួន​ឯង​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្តី​សង្ឃឹម​ម្តង​ណា​ឡើយ។ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើការ​ជា​រៀងរាល់​ថ្ងៃ ទោះ​ជា​ពេល​ខ្លះ​មិន​បាន​ចេញ​មុខ​ចេញ​សម្លេង ក៏​ខ្ញុំ​ជួយ​សរសេរ​អត្ថបទ​ឬ​ជួយ​ចាត់​ចែង​ពី​ក្រោយ​ឆាក​ដែរ។ ថ្ងៃ​ដែល​ខ្ញុំ​មាន​កម្លាំង​កំហែង​គ្រាន់​បើ ខ្ញុំ​តែង​ឆ្លៀត​ឡើង​ផ្សាយ​ជា​ជានិច្ច។

យើង​នឹង​រួម​ដំណើរ​ជា​មួយ​គ្នា​ត​ទៅ​ទៀត​ក្នុង​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត។ តាង​នាម​អោយ​សហការី​របស់​ខ្ញុំ​បាទ​ទាំង​អស់ នៅ​អាស៊ី​សេរី  ខ្ញុំ​បាទ​សូម​លើក​ដៃ​បួង​សួង​ដល់​ទេវតា​ឆ្នាំ អោយ​ប្រទាន​ពរ​ជ័យ​ជូន​លោក​លោក​ស្រី​អ្នក​នាង​កញ្ញា និង​ក្រុម​គ្រួសារ អោយ​ឆាប់​ចាក​ផុត​ពី​គ្រោះ​ភ័យ​ទាំង​ឡាយ ដែល​កំពុង​រាតត្បាត​ដល់​ប្រជាជាតិ​ខ្មែរ​នេះ ដើម្បី​អោយ​គ្រួសារ​ខ្មែរ​ទាំង​អស់​បាន​វិល​ត្រឡប់​ទៅ​កាន់​ភាព​ធម្មតា​ឡើង​វិញ និង​អោយ​ទទួល​បាន​នូវ​សុខភាព​ល្អ សុវត្ថិភាព និង​ភាព​ចំរើន​រុង​រឿង​ជា​រៀង​ដរាប​ត​ទៅ។

One Reply to “ជូនពរឆ្នាំថ្មី”

  1. Sokha Ly ថា:

    សូមអរគុណ លោក ច័ន្ទបុត្រ
    សូមឆ្នាំថ្មីនេះនាំមកនូវ ឯកភាពជាតិ សាមគ្គីភាព ការអាណឹតអាសូរ ការសន្ដោះប្រណិរវាងខ្មែរនិងខ្មែរ សេចក្ដីសុខ សន្ដិភាព សុខភាពបរិបូណ៌ ភាពសំបូរសប្បាយ ដល់លោកព្រមទាំងក្រុមគ្រួសារ ដល់ជនរួមជាតិខ្មែរយើងគ្រប់ៗរូប និងដល់មនុស្សលោកទាំងអស់ តរៀងទៅ

    ចូលចិត្ត

ឆ្លើយ​តប​ទៅ​កាន់ Sokha Ly បោះ​បង់​ការ​ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.
%d bloggers like this: